សួស្ដីបងប្អូន និងអតិថិជននៅក្នុងសហគមន៍ប្រោន!

ដោយមានក្ដីបារម្ភពី សុខភាព និងសុខុមាលភាពរបស់អ្នកទាំងអស់គ្នា​ ក្រុមការងារប្រោនរបស់យើងសង្ឈឹមថាទាំងអតិថិជន និងក្រុមការងារផ្ទាល់របស់ប្រោន ជៀសផុតពីការឆ្លងជម្ងឺថ្មី COVID-19។

ដូចដែលបងប្អូន និងអតិថិជនទាំងអស់គ្នាបានដឹងរួចមកហើយ ការឆ្លងនៃមេរោគ COVID ១៩ ឬមេរោគកូរ៉ូណា បានកើតឡើងនៅតាមតំបន់ផ្សេងៗជាច្រើន​នៅ​លើពិភពលោក ហើយទោះបីជានៅក្នុងប្រទេសកម្ពុជា ចំនួនករណីនៃការឆ្លងមេរោគនេះ នៅមានកម្រិតទាប និងមិនទាន់ដល់កម្រិតគួរឲ្យព្រួយបារម្ភខ្លាំងក៏ដោយ យើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួន​ និងមនុស្សជុំវិញខ្លួនយើងទាំងអស់គ្នា ពីការឆ្លងរបស់មេរោគនៃជម្ងឺផ្លូវដង្ហើមមួយនេះ។ សូមអ្នកទាំងអស់គ្នាការពារខ្លួនអ្នក និងអ្នកនៅជុំវិញ​ខ្លួនដោយអនុវត្តតាមសេចក្ដីណែនាំ ដែលមានប្រភពច្បាស់លាស់ និងត្រឹមត្រូវ  ឧទាហរណ៍ដូចជា ក្រសួងសុខាភិបាលរបស់​ព្រះរាជាណាចក្រកម្ពុជា ឬអង្គការសុខភាពពិភពលោកជាដើម។

នៅក្នុងកំឡុងពេលនេះផងដែរ ប្រោនក៏បានចាត់វិធានការផ្ទាល់ខ្លួនមួយចំនួន ដើម្បីធានាថា ហាងកាហ្វេនិងកន្លែងធ្វើការ​របស់ប្រោន​គ្រប់ទីកន្លែង មានសុវត្ថិភាពសម្រាប់អ្នករាល់គ្នា។ ជាជំហ៊ានដំបូង យើងបានចាត់វិធានការដូចខាងក្រោម៖

  • បង្កើនការប្រុងប្រយ័ត្នខ្ពស់ ធ្វើការជូតសម្អាត និងសម្លាប់មេរោគនៅតាមហាង និងកន្លែងធ្វើការរបស់ប្រោនទាំងអស់ឲ្យបានកាន់តែញឹកញាប់ និងត្រឹមត្រូវ​តាម​លក្ខណៈបទដ្ឋាន
  • យើងបានដកចេញនូវកាសែត ដែលធ្លាប់បានដាក់អោយអតិថិជនអាន
  • ហើយយើងបានដាក់ទឹកអាកុលសម្រាប់លាងសម្អាតដៃ និងសេចក្ដីណែនាំអំពីវិធីសាស្ត្រការពារខ្លួនអ្នកពីមេរោគមួយនេះ នៅតាមបញ្ជរគិតប្រាក់នៅគ្រប់សាខារបស់យើងទាំងអស់ ដូច្នេះអ្នកទាំងអស់គ្នាអាចលាងសម្អាតដៃរបស់អ្នកគ្រប់ពេល ទោះបីជាកំពុងនៅក្នុងហាងរបស់យើងក៏ដោយ។

យើងនឹងបន្តតាមដានស្ថានភាពនៃការឆ្លងមេរោគ COVID 19 នេះយ៉ាងយកចិត្តទុកដាក់ជាប្រចាំ និងអនុវត្តតាមសេចក្ដីណែនាំផ្សេងៗ ដើម្បីធានាថា អ្នកទាំងអស់គ្នាអាចទទួលបានបទពិសោធន៍កាហ្វេប្រោនដោយពុំមានក្ដីបារម្ភអំពីការឆ្លងមេរោគមួយនេះ។ យើងនឹងបន្តផ្តល់នូវពត៌មានបន្ថែមពីសកម្មភាពរបស់ប្រោន ជូនដល់សហគមន៍ប្រោនប្រសិនបើមានអ្វីដែលកើតឡើងថ្មីៗ។​

ជាថ្មីម្ដងទៀត សុវត្ថិភាព និងសុខភាពរបស់អតិថិជន និងបុគ្គលិកប្រោនទាំងអស់ពិតជាសំខាន់ ហើយយើង​នឹងព្យាយាមគ្រប់លទ្ធភាពទាំងអស់ដើម្បីធានាថាអ្នកគ្រប់គ្នាអាចទទួលបានបទពិសោធន៍កាហ្វេល្អឯកពីប្រោនគ្រប់ទីកន្លែង ដោយសុវត្ថិភាព។

សូមជូនពរអ្នកទាំងអស់គ្នាមានសុវត្ថិភាព និងសុខភាពល្អជាប្រចាំ!